រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿន រួចបុកម៉ូតូពីរគ្រឿងបណ្តាលឲ្យនារីពីរនាក់បាត់បង់ជីវិត និងបុរសម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងបូកគោបានរៀបរាប់ថាកាលពីម៉ោង៥ ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកាមានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៧-១៧៨ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកត្នោតរវាងរថយន្តមួយគ្រឿងបុកជាមួយម៉ូតូពីរគ្រឿង។
មុនគ្រោះថ្នាក់កើតឡើង គេឃើញម៉ូតូពីរគ្រឿងបើកមកពីទិសខាងលិចគឺមួយគ្រឿងបើកបរដោយបុរសម្នាក់ឯមួយគ្រឿងទៀតធ្វើដំណើរដោយនារីពីរនាក់។ ប្រភពដដែលបានបន្តថា ស្របពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហ្វ័រធូន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-2988 បើកមកពីមុខដោយល្បឿនយ៉ាងលឿនរួចបុកម៉ូតូទាំងពីរគ្រឿងលាន់ឮយ៉ាងខ្លាំង។
ភ្លាមៗ ពេលអ្នកជិតខាងចូលទៅជួយស្រាប់តែឃើញស្ត្រីទាំងពីរនាក់បានស្លាប់ទៅហើយ។ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពតជាបន្ទាន់។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា អ្នកបើកបររថយន្តបង្កជាជនជាតិចិនឈ្មោះ Liu Wie ភេទប្រុស អាយុ ៣១ឆ្នាំ។ ចំណែកអ្នកបាត់បង់ជីវិតទាំងពីរនាក់ជាកម្មការិនីមានទីលំនៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ដោយឡែកបុរសដែលរងរបួសរស់នៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត៕