
បាត់ដំបង៖ ព័ត៌មានបឋម បានឱ្យដឹងថា មានស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយ នៅក្នុងរថយន្ត Pruis ដែលត្រូវបានគេចតទុកចោលជាច្រើនថ្ងៃ។
ហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២០ៈ០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចខាងក្រោយឈាងខាងជើងផ្សារទំនើបភួរពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលសាកសពស្ត្រីរងគ្រោះខាងលើមានឈ្មោះ ឌិន សោភា អាយុ៣៤ឆ្នាំ មុខរបរជាបុគ្គលិកលក់អចលនទ្រព្យ”លក់ដីឡូត៍” រស់នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ។ ចំណែកឯរថយន្តម៉ាកPruis ពណ៌ទឹកប្រាក់ដែលត្រូវបានគេទុកចោលខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 2BO-1371។
បើយោងតាមសេចក្តីរាយការណ៍ពីបុរសម្នាក់ ឈ្មោះ ណូ រ៉ា អាយុ៣៤ ដែលត្រូវជាប្តីជនរង់គ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើបានចេញពីផ្ទះតាំងពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២មកម្លេះ ដោយបានប្រាប់អ្នកផ្ទះថាមកចូលរួមកម្មវិធីខួបកំណើតគេ ។ក្រោយពីបាត់ប្រពន្ធមិនឃើញត្រឡប់ទៅផ្ទះ ទំនាក់ទំនងតាមទូរស័ព្ទក៏មិនចូលទើបបុរសជាប្តីដាក់ពាក្យបណ្តឹងទៅខាងសមត្ថកិច្ចដើម្បីធ្វើការស្រាវជ្រាវស្វែងរករហូតដល់យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក៏ទទួលបានព័ត៌មានថាមានករណីស្ត្រីម្នាក់ដេកស្លាប់នៅក្នុងរថយន្តPruisដែលមានស្លាកលេខ ភ្នំពេញ 2BO-1371 ដឹងច្បាស់ថាជារបស់ខ្លួនក៏នាំគ្នាឡើងពីភ្នំពេញមកក៏ឃើញប្រពន្ធខ្លួនដេកស្លាប់នៅក្នុងរថយន្តផ្នែកខាងក្រោយ ក្នុងសភាពហើមស្អុយផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ ព្រមទាំងព្រះរាជអាជ្ញាផងដែរបានចុះមកពិនិត្យធ្វើកោសល្យវិច័យដើម្បីស្វែងរកស្នាកស្នាមអោយប្រាកដថាជាករណីឃាតកម្ម ឬក៏ជាករណីអ្វីអោយពិតប្រាកដ៕