
ភ្នំពេញ៖ អគ្គិភ័យមួយ បានកើតឡើងដែលបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នង និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន៥០ភាគរយបន្ថែមទៀត។ ហេតុការណ៍នេះដែរ កើតឡើងកាលពីវេលាម៉ោង១២ៈ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ៥៣BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងខ្មៅ និងអណ្តាតភ្លើងឆាបឆេះចេញពីក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ។ ខណៈនោះប្រជាពលរដ្ឋបាននាំគ្នាយកធុង និងទាញទុយោយកមកបាញ់ទឹកពន្លត់បណ្តោះអាសន្ន ដោយស្ថានភាពអណ្តាតភ្លើងឆាបឆេះរិតតែខ្លាំងឡើងៗ ប្រជាពលរដ្ឋក៏បានទាក់ទងទៅសមត្ថកិច្ដដើម្បីចុះមកធ្វើការត្រួតពិនិត្យ រួចហើយបន្តរាយការណ៍ទៅការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងជំនាញឱ្យចេញរថយន្តជាច្រើនគ្រឿងទៅធ្វើការអន្តរាគម៍បាញ់ទឹកពន្លត់ភា្លមៗផងដែរ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ម្ចាស់ផ្ទះខាងលើ មានឈ្មោះទឹម សឿន ភេទស្រី ជនជាតិខ្មែរ អាយុ៦៨ឆ្នាំ ជាមេផ្ទះ។ មូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះនេះឡើង គឺដោយសារឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះបានបង្កការខូចខាតមួយចំនួន រួមមាន៖ ផ្ទះថ្មក្រោមឈើលើ ទំហំ ម៉ែត្រ៦x ១៤ម៉ែត្រ សម្ភារក្នុងផ្ទះឆេះទាំងស្រុង និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន៥០ភាគរយថែមទៀត។ រីឯម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឈីវ គឹមឡៅ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីបម្រើការងារនៅក្រសួងសាធារណការ ទទួលបន្ទុកផ្លូវដែក បានរងការខូចខាតផ្ទះថ្ម កម្ពស់២ជាន់ (ទំហំ ម៉ែត្រ ៤.៦ x ១៤ម៉ែត្រ)។
ករណីឆាបឆេះនេះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន៦គ្រឿង រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង និងអាចគ្រប់គ្រង់ស្ថានភាពបានទាំងស្រុង នៅវេលាម៉ោង១ៈ២៥នាទីយប់នាយប់ថៃ្ងដដែល។ ករណីនេះ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕