
ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាពលួចម៉ាស៊ីនភ្លើង ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសិត្បូរ ធ្វើការឃាត់ខ្លួនបានម្នាក់ និង០២នាក់រត់គេចខ្លួនបាត់ស្រមោល។
ប្រភពពីនគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះអ៊ឹម វិសាល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យទាំង០៣នាក់ រួមមាន៖
ទី១ឈ្មោះហៀង ផាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវចាប់ខ្លួន។
ទី២ឈ្មោះ ឈឹម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល (រត់គេចខ្លួនបាត់) ។
និងទី៣ឈ្មោះ មីនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល (រត់គេចខ្លួន) ។
ប្រភពពីនគរបាលបានបញ្ជាក់ថា នៅវេលាម៉ោង៣ៈ៤០នាទី ក្រុមជនសង្ស័យបានជិះម៉ូតូមានសណ្តោងរ៉ឺម៉កទៅធ្វើសកម្មភាពលួចម៉ាស៊ីនភ្លើងចំនួន០១គ្រឿងរបស់ជនរងគ្រោះដែលបានទុកនៅក្នុងឃ្លាំងស្ថិតក្នុងភូមិលេខ១(ក) សង្កាត់ស្វាយរលំ លើកឡើងលើរ៉ឺម៉កបំរ៉ុងបើកចេញ ។ ភ្លាមនោះជនរងគ្រោះបានមកទាន់ក៏ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមទាំងវត្ថុតាង ចំណែកឯជនសង្ស័យ០២នាក់ទៀតបានរត់គេចខ្លួនស្រមោល។
ក្រោយពេលកើតហេតុជនរងគ្រោះបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ស្វាយរលំដើម្បីអោយមកទទួលជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕