
ព្រះសីហនុ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងវេលាម៉ោងម៉ោង០៩ៈ១៥នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដែលបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងពីរនាក់ផ្សេងទៀតរងរបួសស្រាល ដែលហេតុការណ៍នេះដែរកើតឡើងនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១៧-១១៨ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មាននគរបាលស្រុកកំពង់សិលាបានប្រាប់ឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត១គ្រឿងម៉ាកFUSO ពណ៌ស ដែលពាក់ផ្លាកលេខ កំពង់ស្ពឺ3A 9009 សណ្តោងរ៉ឺម៉កបែនពណ៌ស ក្រហម ពាក់ផ្លាកលេខ កំពង់ស្ពឺ4A 0115 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅព្រះសីហនុ លុះដល់ចំណុចកើតហេតុខាងលើរថយន្តបានរេចង្កូតចូលទៅបុករថយន្ត PRUIS ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2BG 2843 ក្នុងទិសដៅផ្ទុយគ្នា ដែលបណ្តាលឲ្យម្នាក់របួសធ្ងន់និង២នាក់ទៀតរបួសស្រាល។ ក្រោយកើតហេតុតៃកុងរថយន្តFuso បានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ងី វ៉ា ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មានទីលំនៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកបើកបររថយន្តព្រុស ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅភ្នំពេញ។ ចំណែក២នាក់ទៀតជាអ្នករួមឌំណើររងរបួសស្រាល នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
បច្ចុប្បន្នផ្នែកជំនាញចរាចរណ៍ បានស្ទួចយករថយន្តទាំង០២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា រងចាំដោះស្រាយគ្នានៅពេលក្រោយ៕