
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដា ដឹកនាំដោយលោក វរសេនីយ៍ ឯក ប៊ុត នឿន អធិការនគរបាលស្រុក នឹងមានការសម្របសម្រួលនិតិវិធី ដោយ លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអជ្ញាអមសាលាដំបូងខេត្តក្រចេះ នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: តាមបណ្តឹងអាណាព្យាបាលឈ្មោះ សុខ នេន អាយុ
៦០ឆ្នាំ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលបានរំលោភលើនារីដែលមានសតិមិនប្រក្រតីនោះ ឈ្មោះ ឃិន សុខ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជួរក្រូចុំ ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ។ ចំណែកនារីរងគ្រោះឈ្មោះ អឿ ទាវ ភេទស្រី អាយុ២១ឆ្នាំជនជាតិខ្មែរ មានសតិពុំប្រក្រតីរស់នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៩ និង០០នាទី ថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះប្រាកដមែន នៅចំណុចអូរតាពោនភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយរូបគេបានស្នាក់នៅក្បែរគ្នាជាមួយគ្រួសារជនរងគ្រោះ ក្នុងរោងមួយ នឹងប្រកបរបរធ្វើស្រែចំការជាមួយប្រពន្ធរបស់ខ្លួនឈ្មោះ ណាង ថារី នៅទីនោះ។ លុះនៅថ្ងៃកើតហេតុខាងលើ ដោយខ្លួនឃើញជនរងគ្រោះ ដើរមកក្បែរអណ្តូងទឹកក្រោយផ្ទះតែម្នាក់ឯង ឃើញឪកាសល្អ ខ្លួនក៏ធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះបានសម្រេចតែម្តង នឹងបានបន្តរំលោភជាបន្តបន្ទាប់ទៀតនៅកន្លែងផ្សេងៗគ្នា រហូតជនរងគ្រោះឈានដល់មានផ្ទៃពោះ ទើបបែកការដល់អាណាព្យាបាល ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លនតែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ឃិន សុខ កំពង់ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនឹងរងចាំអនុវត្តនិតិវិធីជាបន្តទៀត ។ ដោយ ហ៊ាន ពេជ្រ