
ភ្នំពេញ ៖ រថយន្ត០២គ្រឿងរងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើង កាលពីវេលាម៉ោង ២ៈ៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ បើករថយន្តម៉ាកសាំយ៉ុង មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល 2A-7847 ធ្វើដំណើរតាមបណ្ដោយផ្លូវ 205 បើកបរក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន កែងជាមួយផ្លូវលេខ 388 ក៏មានបុរសជាជនជាតិបរទេសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក alphart មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-5789 ធ្វើដំណើរ ក្នុងទិសដៅពីលិចមកកើត ក៏បានបុកពេញយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្ត Alphart រងការខូចខាតខ្ទេចមួយកំណាត់មុខ។ ឯរថយន្តម៉ាក់សាំយុង ខ្ទាត បុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបែកបាក់ថូផ្កាខ្ទេចខ្ទី និងទ្វារផ្ទះ។ តែជាសំណាងល្អក្នុងករណីនេះមិនបង្កឱ្យមានអ្នករងរបួសទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ជំនាញនគរបាលចរាចរណ៍ផ្លូវគោក ខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរ ដោយភាគីរថយន្ត alphart ព្រមចេញថ្លៃសងការ ខូចខាតទៅភាគីរថយន្ដសាំយ៉ុង ដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ៕