
កំពង់ស្ពឺ ៖ ឆេះក្បាលរថយន្តកុងតឺន័រមួយគ្រឿង ក្រោយពីបើកបុកម៉ូតូមួយក្រឿងទៀតដែលជិះស្របទិសរួចក៏ឆាបឆេះក្បាលរថយន្តខ្ទេចទាំងស្រុង ហើយបណ្ដាលឲ្យប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ស្រាល ។
ហេតុការណ៍ខាងលើបង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ៈ៣០នាទីព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ស្ថិតភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
ភ្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នាមុនកើតហេតុ គេឃើញមានរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកFUSO ពណ៌ស ស្លាកលេខ(ភ្លើងឆេះអស់) អូសសណ្ដោងសឺម៉ឺរឺម៉កទំនិញពីក្រោយពាក់ស្លាខលេខ ភ្នំពេញ 4A-1115 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។
លុះពេលមកដល់កន្លែងកើតហេតុ បានជ្រុលបុកពីក្រោយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-6884 ដែលជិះស្របទិសគ្នា បើកដោយឈ្មោះ ស្រី វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ ឌុបប្រពន្ធឈ្មោះ អើន សុភាព អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងត្បាល់ ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បណ្តាលឲ្យប្រពន្ធមានរបួសធ្ងន់ និងប្ដីរបួសស្រាល។ ចំណែកម៉ូតូជាប់រថយន្តអូសបែកផ្កាភ្លើង បង្កក្លាយជាអគ្គិភ័យឆាបឆេះក្បាលរថយន្ត រងខូចខាតខ្ទេចទាំងស្រុង ហើយរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញទៅអន្តរាគមន៍ភ្លាមៗ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញ បានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីធ្វើការស្រាវជ្រាវបន្ត ៕