
ភ្នំពេញ ៖ បុរសចំណាស់ម្នាក់រងរបួសធ្ងន់ធ្ងរ សន្លប់ឈឹង នៅកន្លែង ក្រោយពីជិះម៉ូតូហុងដាគុបជ្រុងមួយគ្រឿង ជ្រុលទៅបុកពីក្រោយ រថយន្តកូរ៉េទ្រុងកំពុងឈប់ចតស្ងៀមលើចិញ្ចើមផ្លូវ អ្នកបើកបររថយន្តឃើញសភាពមិនស្រួល គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង កាលពីវេលាម៉ោង ៧ៈ៥៥ នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅត្រង់ចំណុចភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសម្ថកិច្ចបានដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ គ្រី សេងប៉ាវ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅផ្ទះលេខ១៤២៤ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល រងរបួសធ្ងន់ ។
ប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូហុងដា គុបជ្រុង សេ៩០ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1S-0197 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្តកូរ៉េទ្រុង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9986 ដែលកំពុងឈប់ចតស្ងៀម ពីជើងទៅត្បូង អ្នកបើកបររវល់តែចុះបត់ជើងតូច បណ្តាលឲ្យជនរងគ្រោះរបួសបែកផុងចិញ្ចើម សន្លប់ឈឹងនៅកន្លែង ឃើញសភាពមិនស្រួល អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាពរុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្តនិងម៉ូតូ ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងវាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ ៕