
ភ្នំពេញ ៖ ផ្ទះជាងជួសជុលមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោងប្រមាណ០៧ៈ១៥នាទីព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចបន្ទប់ជួល ក្នុងភូមិតំណាក់ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍នេះដែរកើតឡើងពេលដែលម្ចាស់បូមសាំងចេញពីកានដាក់ដប ហើយភ្លេចខ្លួនក៏ហៀរទៅឆាបឆេះនិងភ្លើងចង្ក្រានបាយបណ្តាលអោយឆេះយ៉ាងសន្ធោសន្ធៅ ។ បន្ទប់ជួលដែលត្រូវភ្លើងឆេះនោះ ធ្វើពីថ្ម មានទំហំប្រមាណ៧ម៉ែត្រគុណ៥ម៉ែត្រ ដែលមានម្ចាស់ឈ្មោះឈីន វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាជាងជួលជុលម៉ូតូ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះបានអោយដឹងថា នៅមុនពេលកើតហេតុគាត់បានបូមសាំងចេញពីកាន ដែលមានសាំងចំនួន២០លីត្រ ដើម្បីដាក់ចូលដបចំណុះ១លីត្រ ខណៈនោះមានគេមកជួលជុលម៉ូតូក៏បានទៅសួរនាំ និងនិយាយថ្លៃក៏ភ្លេចខ្លួនសាំងពេញហៀរបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នឹងរាលដាល់ទៅម៉ូតូចំនួន២គ្រឿងនៅក្នុងផ្ទះព្រមទាំងគ្រឿងម៉ូតូ ។
បើតាមលោកយាយ ហ៊ុល ស្រីម៉យ អាយុ៧៦ឆ្នាំ ត្រូវជាម្តាយ បានអោយដឹងថា នៅព្រឹកនោះ គាត់បើកហ្គាសដាំបាយឆ្អិនហើយបានទៅបិទហ្គាស ស្រាប់តែឃើញភ្លើងបានឆាបឆេះជាមួយសាំងពេញបន្ទប់ ហើយគាត់ត្រូវបានអ្នកភូមិ ស្ទុះមកទាញគាត់ចេញ។ ភ្លាមៗ ភ្លើងបានឆេះរាលដាល់ ហើយប្រជាពលរដ្ឋក្បែរខាងបាននាំគ្នាយកបំពងពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់។
នៅក្នុងហេតុការណ៍នោះផងដែរ មានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងទៅអន្តរាគមន៍ បានបាញ់ពន្លត់អស់ទឹក១រថយន្ត ហើយភ្លើងបានរលត់ទៅវិញ ។
នគរបាលបានបញ្ជាក់ថាក្នុងហេតុការណ៍នេះដែរ គឺបណ្តាលឲ្យម៉ូតូចំនួន២គ្រឿង ត្រូវភ្លើងឆេះ១គ្រឿងរងការខូចខាតទាំងស្រុង រួមជាមួយគ្រឿងម៉ូតូនិងសម្ភារមួយចំនួនទៀតត្រូវភ្លើងឆេះរងការខូចខាត។ ចំណែកជាងជួសជុលម៉ូតូត្រូវភ្លើងឆេះសក់ និងរលាកបន្តិចបន្តួច ខណៈពេលដែលចូលទៅយករបស់របរ និងជួយពន្លត់នោះ៕