
ភ្នំពេញ ៖ មនុស្សចំនួន០៣នាក់ប្តីប្រពន្ធនិងកូនតូច រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធុនធំអូសសណ្តោងរុឺម៉ក បើកបុកពីក្រោយម៉ូតូហុងដាឌ្រីម យ៉ាងពេញទំហឹង និងបានរុញផ្ទប់ទៅនឹងខឿនទ្រូងផ្លូវ កល់ជាប់ម៉ូតូពីក្រោម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង ៤ៈ០០ រសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះ ឈ្នះស្ថិចក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្រភពប័ត៌មានពីកន្លែងបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញមាន រថយន្តមួយ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-3092 អូសសណ្តោងរុឺម៉ក បើកបរក្នុងល្បឿនលឿន នៅក្នុងទិសដៅពីលិចទៅកើត។ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ កំពង់ធំ1E-7741 ដែលជិះដោយជនរងគ្រោះមានគ្នា ០៣នាក់ ប្តីប្រពន្ធនិងកូនតូច ហើយរុញផ្ទប់ទៅនឹងខឿនទ្រូងផ្លូវ ម៉ូតូកល់ជាប់ពីក្រោយរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ ០៣នាក់ និងម៉ូតូរងខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យ។ចំណែកមធ្យោបាយទាំង០២គ្រឿង រថយន្តនិងម៉ូតូ ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕