
នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និង ឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន មុនីរង្សី ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ ស្ថិតនៅភូមិទមុខទី១ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់លើវិស័យអប់រំ និងការកសាងធនធានមនុស្ស ។ ដូច្នេះ មនុស្សយើងម្នាក់ៗ ដើម្បី មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមប្រកួតប្រជែង លើចំណេះដឹងនេះបាន គឺត្រូវចាប់ផ្ដើមពីការសិក្សា ថ្នាក់មូលដ្ឋានឡើងទៅ ។ ដែលប្រការនេះហើយ ទើបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំកសាងសាលារៀន យ៉ាងច្រើន នៅតាមតំបន់នានា នៅក្នុងទូទាំងប្រទេស ជាពិសេស ដូចជាអ្វី ដែលយើងកំពុងបានឃើញ នាពេលនេះស្រាប់ ផងដែរ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកថា អគារសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន មុនីរង្សី ១ខ្នង មានកម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ នេះ អាចប្រើរយៈពេលប្រមាណជា ០៩ខែ ទើបសាងសង់រួចរាល់ជាស្ថាពរ ហើយអគារសិក្សានេះ នឹងផ្ដល់ជាទីកន្លែង សម្រាប់បណ្ដុះបណ្ដាល និងកសាងធនធានមនុស្ស ចាប់ផ្ដើមពីថ្នាក់មូលដ្ឋាន នឹងជម្រុញធ្វើឲ្យកូនចៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ ទទួលបានការសិក្សារៀនសូត្រ និងឈានទៅបន្តការសិក្សាលើកម្រិតជំនាញ នៅកម្រិតឧត្តមសិក្សា ដោយទទួលបានចំណេះដឹងពិតប្រាកដ ដើម្បី ឈានឆ្ពោះទៅរកទីផ្សារការងារ ។ ឯកឧត្ដម បញ្ជាក់ដែរថា ជាការកត់សម្គាល់ ក្រោយពីបញ្ចប់ការសិក្សា យើងសង្កេតឃើញថា អ្នកខ្លះ អាចទទួលបានការងារធ្វើ នៅក្នុងវិស័យឯកជន ហើយអ្នកខ្លះទៀត អាចប្រលងចូលធ្វើជាមន្ត្រីរាជការ ជាដើម…។ល។ ដោយពឹងផ្អែកទៅលើសមត្ថភាពរៀងៗខ្លួន ដើម្បី ទទួលបានប្រាក់ខែ សម្រាប់យកមកផ្គង់ផ្គង់ជីវភាពគ្រួសារ ។ ទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋាន ដោយមានបំណងតែមួយគត់ គឺដើម្បី បម្រើផលប្រយោជន៍ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។
បើតាម លោក លី ម៉េងហ៊ុន មេឃុំតុងរ៉ង បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន រដ្ឋបាលឃុំតុងរ៉ុង មានសាលាបឋមសិក្សាចំនួន ០៣កន្លែង អនុវិទ្យាល័យ ១ខ្នង និងមត្តេយ្យសហគមន៍ ០៤កន្លែង ។ សាលាអនុវិទ្យាល័យ មានអគារ ១ខ្នង ៥បន្ទប់ មាន ០៦ថ្នាក់ ដែលក្នុងនោះ អគារសិក្សាជាអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចំនួន ០៣ខ្នង ស្មើនឹង ១៦បន្ទប់ ៕