
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនឧកញ៉ា ជួប ច័ន្ទ បញ្ជូនទៅតុលាការពាក់ព័ន្ធ ពីបទមិនបំពេញកាតព្វកិច្ចចំពោះរបស់របរមានតម្លៃ ដែលអាចជួញដូរបាន (គឺជំពាក់លុយគេមិនព្រមសង) ។
សមត្ថកិច្ចអនុវត្តតាមដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួនឈ្មោះ ជួប ច័ន្ទ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាពាណិជ្ជករ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវ១២៣ សង្កាត់ទួលទំពូងមួយ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះរបស់របរមានតម្លៃ ដែលអាចជួញដូរបាន ដែលប្រព្រឹត្តនៅក្រុមហ៊ុន «គឹម ហាប់ ខូអិលធីឌី» ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ។
ដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួនឧកញ៉ា ជួប ច័ន្ទ ចេញដោយឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយអនុវត្តតាមដីកា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនឈ្មោះ ជួប ច័ន្ទ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។
ក្រោយសមត្ថកិច្ចឃាត់ខ្លួន ឧកញ៉ា ជួប ច័ន្ទ បានហើយ ក៏បានបញ្ជូនទៅដល់ស្ថាប័នអយ្យការដើម្បីស៊ើបសួរ និងចាត់តាមនីតិវិធីច្បាប់ ។
ក្រោយពីតំណាងអយ្យការបើកការស៊ើបសួរអស់រយៈពេលច្រើនម៉ោងក៏បានសម្រេចផ្ញើឈ្មោះ ជួប ច័ន្ទ ទៅសមត្ថកិច្ចវិញតម្រូវឱ្យនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នាំជនសង្ស័យមកកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ដើម្បីបន្តការសាកសួរទៀត ៕