ភ្នំពេញ ៖ បុរសម្នាក់បើកបរម៉ូតូឌ្រីមសង់មួយគ្រឿងយ៉ាងលឿនចាប់ហ្រាំងមិនទាន់ បានជ្រុលទៅបុកនិងរថយន្ដមួយគ្រឿង ដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍ខាងលើបានកើតឡើងកាលពី វេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នាមុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-4876 មួយគ្រឿង បើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម។
លុះមកដល់ត្រង់កន្លែងកើតហេតុ បានរថយន្ដខាងលើបានបត់ឆ្វេងឆ្លងផ្លូវបម្រុងនិងចូលទៅក្នុងអគារចិនមួយកន្លែង ស្រាប់តែពេលបត់បានពាក់កណ្តាលផ្លូវ ក៏បុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FG-5738មួយគ្រឿង ជិះម្នាក់ឯងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នាក្នុងល្បឿនយ៉ាងលឿន ជាន់ហ្រ្វាំងមិនទាន់ បានទៅបុករថយន្តតូយូតាព្រូស ចំពីចំហៀងខាងស្តាំផ្នែកខាងមុខយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូកៀបជាប់រថយន្តរងការខូចខាតយ៉ាងដំណំ អ្នកបើកបរម៉ូតូផ្លោងទៅបោកកញ្ចក់រថយន្តពីមុខ រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ រីឯម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុខាងលើដោយភាគីទាំងសងខាង សម្រួលគ្នាមិនត្រូវក៏កម្លាំងសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅខាងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ រួចយករថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕