
កណ្តាល ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ បាក់ជើងឆ្វេង ចំណែកបុរសម្នាក់ទៀតរបួសស្រាល រយះប្រអប់ជើងឆ្វេង ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីរថយន្តCRVបើកបុកពីក្រោយមូតូហុងដាឌ្រីម យ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១ៈ៥០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ២ ស្ថិតនៅក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពពីព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JL-1701 ជិះគ្នា២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុ ងាកចង្កូតបម្រុងបត់ឆ្វេង ក៏ត្រូវបានរថយន្តម៉ាកCRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-2501 បើកស្របទិស បុកពីក្រោយបណ្តាលឲ្យដួលរងរបួសធ្ងន់ បាក់ជើងស្ត្រីម្នាក់ និងប្រុសម្នាក់ទៀត របួសស្រាល រយះប្រអប់ជើងឆ្វេង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តប្រតិបត្តិរបស់ស្រុកកណ្តាលស្ទឹងដឹកយកទៅមន្ទីពេទ្យ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយនៅពេលក្រោយ ៕