
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover បុករះ រថយន្តនិងម៉ូតូកង់បីជាច្រើនគ្រឿង និងជាច្រើនកន្លែង បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់និងបុរសម្នាក់ទៀតស្រាល។
ហេតុការណ៍គ្រោះចរាចរណ៍ខាងនេះបានកើតឡើង កាលពីវេលាម៉ោង១២ៈ០០ យប់ រំលងអាធ្រាតឈានចូលថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខក្លឹបកម្សាន្ត(DOT) តាមបណ្ដោយផ្លូវជាតិ១៩៨៦ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រួចរថយន្តបង្កក៏ព្យាយាមបើករត់គេច ក៏បានបុករះបន្តជាច្រើនកន្លែងទៀត ជាបន្តបន្ទាប់រហូតមកដល់ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់រួចបានផ្ទុះកំហឹងមួយប្រាវទៅលើរថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលវេលា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសជនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា Y-CTF-99 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ បើកបរក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ត្រង់ចំណុចមុខក្លឹបកម្សាន្ត(DOT) ក៏បានជ្រុលទៅបុករះម៉ូតូចំនួន ០២ គ្រឿង បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់និងស្រាល ហើយរថយន្តបង្កមិនបានឈប់ដោះស្រាយទេ ក៏បម្រុងនឹងបើករត់ រហូតមកដល់ចំណុចមុខផ្សារទំនើបស៊ុបភើស្ទើរ បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាត នឹងបានព្យាយាមបើករត់គេចទៀត មកដល់ចំណុចមុខក្លឹបកម្សាន្ត ហ្សូ៊ក បានជ្រុលទៅបុករះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងនិងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យអ្នកបើកបរកង់បីរងរបួសធ្ងន់ ។
ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ហូតមកដល់ចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវហាណូយ បានជ្រុលទៅបុករះរថយន្តមួយគ្រឿងនិងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតបណ្ដាលឲ្យរកការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កនៅតែព្យាយាមបើករត់ចេញពីកន្លែងកើតហេតុទៀត រហូតមកដល់ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាត ខណៈនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ហើយក៏បានផ្ទុះកំហឹងទៅលើរថយន្តបង្កមួយប៉្រាវ បណ្ដាលឲ្យរថយន្តរងការខូចខាត ស្របពេលនោះសមត្ថកិច្ចក៏មកជួយនិងធ្វើអន្តរាគមន៍មិនឲ្យប្រជាពលរដ្ឋប្រើហិង្សាទៅលើអ្នកបើកបរនោះទេ រួចធ្វើការឃាត់ខ្លួន និងនាំខ្លួនអ្នកបើកបររថយន្តបង្ក ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងជាបណ្ដោះអាសន្នដើម្បីទុកប្រគល់ជូនជំនាញបន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៅក្នុងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕