
ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿង ដឹកភ្ញៀវឡើងឆ្លងកាត់លើស្ពានអាកាស អ្នកបើកមិនប្រុងប្រយ័ត្នរវល់តែមើលក្រោយ ក៏ជ្រុលទៅបុកនឹងខឿនបង្កាន់ដៃស្ពាន បណ្ដាលឲ្យក្រឡាប់បោកសង្កត់របួសបាក់ភ្លៅស្ត្រីម្នាក់ ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯកង់បីរងខូចខាតដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៥ៈ០៥នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅលើស្ពានអាកាសចោមចៅ ចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូកង់បីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GS-2259 បើកបរដោយបុរសឈ្មោះ ស៊ន ស៊ាន់ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី របួសស្រាល ស្នាក់នៅផ្ទះជួល ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មានស្រុកកំណើតព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ដឹកម៉ូយ២នាក់យាយនិងចៅ ឈ្មោះ ស៊ន សំបូ អាយុ៥៦ឆ្នាំ របួសបាក់ភ្លៅស្តាំ និងចៅស្រី អាយុ៥ឆ្នាំ របួសស្រាល មានទីលំនៅ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
ប្រភពពីបុរសអ្នកបើកម៉ូតូកង់បី បានឲ្យដឹងថា មុនកើតហេតុ គាត់ដឹកម៉ូយ០២នាក់ យាយនិងចៅ ចេញពីផ្សារព្រែកព្នៅ ឆ្ពោះទៅផ្សារទឹកថ្លា នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ដោយធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច រួចក៏បានឡើងស្ពានអាកាសចោមចៅ ដល់ខាងលើទៅហើយ រវល់តែមើលកញ្ចក់ទៅក្រោយ ក៏ជ្រុលបុកខឿនបង្កាន់ដៃស្ពាន បណ្តាលឲ្យក្រឡាប់តែម្តង ។
ប្រភពពីកូនប្រុសរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ម្តាយរបស់គាត់ហៅឲ្យកង់បីដឹកជូនទៅផ្ទះកូន នៅឯផ្សារទឹកថ្លា ផ្លូវជាតិលេខ៣ ទើបតែដល់ចំណុចខាងលើជួបគ្រោះថ្នាក់ ។ស្ត្រីរងរបួសរបួសបាក់ភ្លៅស្តាំ ក្រោយកើតហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាពរុករកនិងសង្គ្រោះ ៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានទៅពិនិត្យជាក់ស្តែង រួចប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក រងចាំដោះស្រាយជាក្រោយ ៕