
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នគរបាលខណ្ឌកំបូល រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានធ្វើបង្ក្រាបនឹងចាប់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមគ្នា០៣នាក់ ភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពបន្លំចូលលួចកាបូបលុយជិត២ពាន់ដុល្លា បានសម្រេចហើយ តែចំថ្ងៃស៊យ ម្ចាស់ឃើញទាន់ ស្រែកផ្អើលអ្នកស្រុក សមត្ថកិច្ចដេញចាប់ក្របួចបានភ្លាមៗតែម្ដង រីឯជនសង្ស័យស្រីម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៨ៈ៤៥នាទីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងផ្ទះ ដូរ វេរលុយទ្រូម៉ាន់នី មួយកន្លែងនៅតាមបណ្ដោយផ្លូវ៤២ ស្ថិតក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាន២នាក់ ៖
ទី១ ឈ្មោះ ថន សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានស្រុកកំណើតនៅភូមិថ្មី ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ទី២ ឈ្មោះ ថេន ថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិប្រធាតុ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យទាំង០២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IV-2710 ជាមធ្យោបាយ ។
ចំណែកឯជនរងគ្រោះមាន ឈ្មោះ ហាក់ សុពន្លឺ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ គ្រូពេទ្យ និង ដូរលុយ វេរលុយ ទ្រូម៉ាន់នី រស់នៅផ្ទះកើតហេតុខាងលើ ។ នៅក្នុងកាបូប មានលុយចំនួន១០២០ដុល្លារ និង ២លាន៦០មុឺនរៀល ម៉ាសុីនវេលុយ១គ្រឿង ត្រូវបានដហូតមកវិញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានស្ត្រីម្នាក់ ទៅរកដូរលុយហើយ ប្រើល្បិចរកទិញថ្នាំពេទ្យ គ្រាន់តែជនរងគ្រោះដើរទៅយកថ្នាំ ស្រាប់តែជនសង្ស័យ០២នាក់ខាងលើ បន្លំចូលទៅលួចកាបូបលុយ រួចរត់ឡើងជិះម៉ូតូ តែត្រូវបានម្ចាស់ដែលជាជនរងគ្រោះខាងលើមើលឃើញទាន់ ក៏បានស្រែកផ្អើលឆោឡោ ទើបសមត្ថកិច្ច និងអ្នកស្រុក ជួយដេញចាប់ឃាត់ខ្លួន២នាក់ ដកហូតកាបូបលុយបានមកវិញ និងម៉ូតូមួយគ្រឿង រីឯស្ត្រីជាជនសង្ស័យម្នាក់ គេចខ្លួនបាត់ ។
ក្រោយចាប់ខ្លួនបានជនសង្ស័យ០២នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕