
ភ្នំពេញ ៖ ចោរឆក់ពីរនាក់ បានធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីជនជាតិចិនម្នាក់ ដែលកំពុងធ្វើដំណើរតាមកង់បី តែមិនបានសម្រេច បណ្ដាលឲ្យជនរងគ្រោះធ្លាក់ពីលើកង់បី បាក់កដៃខាងស្ដាំ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២:២០នាទីថ្ងៃត្រង់ ទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សុី ខាងលិចជាងហាងភីហ្សា ចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះជាជនជាតិចិន បានធ្វើដំណើរតាមម៉ូតូកង់បី ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង តាមពីក្រោយ ហើយមកដល់ទន្ទឹមគ្នា ក៏ធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីរងគ្រោះ មិនបានសម្រេច តែធ្វើឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូកង់បី បណ្តាលឲ្យរងរបួសបាក់កដៃខាងស្តាំ ចំណែកជនសង្ស័យបានបន្ថែមល្បឿនជិះរត់គេចខ្លួនបាត់ស្រមោល ។