
ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន០២រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពី បុរសម្នាក់បើកម៉ូតូ yamaha មួយគ្រឿង បុកពីក្រោយយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង 3:30 នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងឲ្យថា ដំបូងឡើយគេឃើញមានមនុស្សប្រុសស្រីចំនួន 3 នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក់ Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R-0440 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុ នៅមុខនឹងអគារប៊ូយ៉ុងថោន ស្រាប់តែមានបុរសម្នាក់បើកម៉ូតូធំម៉ាក yamaha មួយគ្រឿង ពណ៌ខ្មៅគ្មានស្លាកលេខ ដែលធ្វើដំណើរស្របទិសគ្នាមកក៏បានបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូWaveដួលបោកនឹងថ្នល់ រងការខូចខាតបាក់កន្ទុយផ្នែកខាងក្រោយ។ចំណែកឯមនុស្សប្រុសស្រីជិះនៅលើម៉ូតូខាងក្រោយចំនួន ០២ នាក់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយហៅកង់បីឥណ្ឌា ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ គេឃើញមានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុ រាយការណ៍ជូនសមត្ថកិច្ចជំនាញនរគបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែង រួចយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕