ស្ទឹងត្រែងៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យអ្នកបើកទាំងពីរនាក់បាត់បង់ជីវិត ។ករណីនេះកើតឡើងនៅក្បែរវត្តបាឌើម ភូមិបាឌើម ឃុំសាមឃួយ ស្រុកសេសានកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៤ខែ វិច្ឆិកាឆ្នាំ២០២១។
សមត្ថកិច្ចនគរបាលចរាចរណ៍បានប្រាប់ឲ្យដឹងថា ឈ្មោះ ថុត គី ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសានបើកបរម៉ូតូអិចសីនធរពណ៌ក្រហមគ្មានស្លាកលេខពីលិចទៅកើត(បញ្ច្រាស់ទិសគ្នា)បានបុកជាមួយម៉ូតូមួយគ្រឿងផ្សេងទៀតគ្មានស្លាកលេខដែលអ្នកបើកបរម៉ូតូដោយឈ្មោះហានស៊ូវណ្ណីភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិបាដើមឃុំសាមឃួយ ស្រុកសេសាន បណ្ដាលឲ្យអ្នកបើកម៉ូតូទាំងពីគ្រឿងបានស្លាប់នៅកន្លែងកើតហេតុតែម្តង។ចំណែកអ្នករួមដំណើរ មួយនាក់ឈ្នោះឡម ទី ភេទប្រុសរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
តាមការពិនិត្យជាក់ស្ដែងនៅនឹងកន្លែងកើតហេតុម៉ូតូទាំងពីរគ្រឿងមានល្បឿនលឿនដូចគ្នា។លុះដល់ត្រង់ចំណុចផ្លូវកោងក៏បានជ្រុលចង្កូតបុកគ្នាតែម្ដង។អ្នកបើកបរនិងអ្នករួមដំណើរមិនពាក់មួកសុវត្ថិភាពទេ៕