ស្ទឹងត្រែង ៖ បុរសវ័យចំណាស់ម្នាក់ជាមន្ត្រីយោធា កើតភ្លើងប្រច័ណ្ឌ ទាញកាំភ្លើងបាញ់ប្រពន្ធមួយគ្រាប់ បណ្ដាលឲ្យរងរបួសពោះខាងឆ្វេង ត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះភ្លាមៗ និងព្យាបាលនៅមន្ទីរពេទ្យស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីងគ្រោះមានឈ្មោះ ពាន បួវៀន (ប្រពន្ធ) អាយុ៤៤ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិ-ឃុំខាងលើ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ វៃ ឆោម អាយុ៧១ឆ្នាំ មុខរបរមន្ត្រីយោធានៅអង្គភាពវីរៈ៣៨២ ខេត្តព្រះវិហារ ។
ជនសង្ស័យបានប្រើប្រាស់កាំភ្លើ.ងខ្លីម៉ាក K៥៤ បាញ់ទៅលើប្រពន្ធចំនួន១គ្រាប់ បណ្ដាលឲ្យរងរបួស ត្រង់ពោះខាងឆ្វេង បន្ទាប់ពីបាញ់ប្រពន្ធរួច ជនសង្ស័យបានជិះម៉ូតូ ហើយយកទាំងកាំភ្លើងទៅប្រគល់ខ្លួនឲ្យសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ហើយជនសង្ស័យក៏បានសារភាពយ៉ាងខ្លីថា «មូលហេតុ ដោយសាភ្លើងប្រច័ណ្ឌ» ។
ក្រោយប្រគល់ខ្លួនរួច សមត្ថកិច្ចបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕