
ភ្នំពេញ ៖ ក្មេងទំនើងមួយក្រុមដេញវាយយុវជន ០៣នាក់ ធ្វើឲ្យយុវជនទាំង០៣ភ័យស្លាន់ស្លោរ ជិះម៉ូតូលឿនជ្រុលទៅបុក មន្ត្រីយោធាម្នាក់ ជិះម៉ូតូ Zoomer X ពេញទំហឹងបណ្ដាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកយុវជន៣នាក់ ជិះម៉ូតូបង្កម៉ាកឌ្រីមសង់ រងរបួសធ្ងន់ និងស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែសីហាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជាមន្រ្តីយោធាម្នាក់ ជិះម៉ូតូម៉ាកZoomer X មួយគ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ1o-4699 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនល្មម ពេលមកដល់ចំណុចកើតហេតុ នៅភ្លើងស្តុបចំការមន កែងនឹងផ្លូវម៉ៅសេទុង ស្រាប់តែមានយុវជន៣នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IB-2802 ជិះឌុបគ្នាចេញពីផ្លូវព្រះសុធារសក្នុងល្បឿបយ៉ាងលឿន ដោយមានក្មេងស្ទាវមួយក្រុមទៀត ប្រដាប់ទៅដោយដំថ្មដេញវា.យពីក្រោយទៅលើយុវជន៣នាក់នោះ ទើបបណ្ដាលឲ្យជ្រុលទៅបុកជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ ។
សពជនរងគ្រោះ មានឈ្មោះ ដារ៉ា ប្រាថ្នា ភេទប្រុសអាយុ ៣០ឆ្នាំ ជាមន្រ្តីយោធា មានស្រុកកំណើតនៅភូមិស្វាយមីង ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ ធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។


