
ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង ២០ នាទី ព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ទល់មុខវត្តឃ្មួញ សង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសបីនាក់ជាសន្តិសុខជិះម៉ូតូមួយគ្រឿងម៉ាក honda dream ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1AH -1601 សង្ស័យចេញពីកន្លែងធ្វើការ ដោយបើកឆ្លងបញ្ច្រាសផ្លូវ ទៅផ្លូវម្ខាងទៀត ស្រាប់តែពេលនោះ មានរថយន្ដព្រូសមួយគ្រឿងបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ពាក់ស្លាកលេខ ភ្នំពេញ 2 AY – 5791 ក្នុងល្បឿនលឿនចាប់ហ្រ្វាំងមិនទាន់បានបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យខ្ទាតទាំងម៉ូតូទាំងមនុស្សប៉ើង លើដំបូលឡានហោះដូចស្លឹកកណ្ដប ចំណែកអ្នកបើកបររថយន្តរត់ គេចខ្លួនបាត់ស្រមោល។ ភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះក៏បានទាក់ទងហៅសមត្ថកិច្ច ព្រមទាំងរថយន្តសង្គ្រោះដឹកដឹកជនរងគ្រោះទាំង ៣នាក់យកទៅទៅមន្ទីរពេទ្យ តែជាអកុសលបុរសម្នាក់ដែលមានវ័យចំណាស់ជាងគេត្រូវបានស្លាប់បាត់ទៅហើយ។ ជនរងគ្រោះទាំងបីនាក់មានឈ្មោះ ១ អ៊ុន សំអន ភេទប្រុសអាយុ៦៦ឆ្នាំ ស្រុកកំណើត ឃុំរកាកោងទី ២ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរសន្តិសុខ (ស្លាប់)
២.មានឈ្មោះសុខ វុទ្ធី ភេទប្រុស អាយុ ៣០ ឆ្នាំ មានស្រុកកំណើត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ មុខរបរសន្តិសុខដូចគ្នា(របួសធ្ងន់)
៣.មានឈ្មោះនូ ធឹម ភេទប្រុសអាយុ៣២ឆ្នាំ មានស្រុកកំណើត ឃុំយារអង្គ ស្រុកថ្អង ខេត្តកំពង់ស្ពឺ មុខរបរសន្តិសុខដូចគ្នា (របួសធ្ងន់) ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងធ្វើការពិនិត្យនិងវាស់វែងព្រមទទាំងស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងដើម្បីចាត់ការតាមនីតិវិធី។ សពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយលោក បូលីន