
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានស្លា.ប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្សចំនួនបីនាក់ទៀតបានរងរបួស ក្នុងពេលដែលជិះម៉ូតូមួយគ្រឿងត្រូវម៉ូតូមួយគ្រឿងទៀតបុកយ៉ាងពេញទំហឹង និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១០ ៈ ៥០ នាទីយប់ថ្ងៃទី ២៤ ខែសីហាឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបក្តាន់ពីរ ស្ថិតនៅតាមបណ្តោយមហាវិថីផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ១៦៩ ក្នុងសង្កាត់មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើ មានឈ្មោះ រាជ្យ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ បម្រើការងារក្នុងកងអង្គរក្ស។
ប្រភពពីកនលែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ C125 ពណ៌ក្រហម គ្មានផ្លាកលេខ ដែលបានធ្វើដំណើរតាមបណ្តោយមហាវិថីផ្លូវសហព័ន្ធរុស្ស៊ី ជិះម៉ូតូក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿន ។ លុះមកដល់ត្រង់កន្លែងកើតកើតហេតុខាងលើ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JK-7241 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ១៦៩ ក្នុងទិសដៅពីត្បូងទៅជើង។ ចំពីចំហៀងម៉ូតូPCX ខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូPCXដួលបោកក្បាលទៅនឹងថ្នល់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ។
ក្រោយពេលកើតហេតុក៌មានវត្តសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ នឹងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកម៉ូតូទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។
ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចក្រោយពីធ្វើកំណត់ហេតុរួចក៌បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕