
បន្ទាប់ពីទទួលបានព័ត៌មានថា មានបងប្អូនកម្មករ កម្មការិនីរោងចក្រ ទទួលរងគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានចាត់ឲ្យ ឯកឧត្ដម ខ្លូត ចិន្ដា អភិបាលរងខេត្ត ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកថវិកា ឯកឧត្តមអភិបាលខេត្ត ឧបត្ថម្ភ ជូនកម្មករ កម្មការិនី ដែលកំពង់សម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ និងនៅតាមផ្ទះ ។
គូសបញ្ជាក់ថា ក្រោយពេលទទួលគ្រោះថ្នាក់ចរាចរណ៍ នាបច្ចុប្បន្ន បងប្អូនកម្មករ កម្មការិនីរោងចក្រ ដែលរងរបួសធ្ងន់ ចំនួន នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្នុងនោះ នៅមន្ទីរពេទ្យបង្អែកបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ចំនួន ០២នាក់ នៅមន្ទីរពេទ្យកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ចំនួន ០៨នាក់ ពេទ្យលោកសង្ឃភ្នំពេញ ០៥នាក់ ពេទ្យកាល់ម៉ែត ០៦នាក់ ពេទ្យសម្ភពឯកជន ០២នាក់ និងពេទ្យខ្មែរសូវៀត ០១នាក់ ។ ដោយឡែក អ្នករងរបួសស្រាល បានកំពុងសម្រាកព្យាបាល នៅតាមផ្ទះ ស្ថិតនៅភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ចំនួន ៣១នាក់ ។
នាឱកាសចុះសួរសុខទុក្ខនោះដែរ ឯកឧត្ដម ខ្លូត ចិន្ដា និងក្រុមការងារ ក៏បាននាំអំណោយ របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ផ្ដល់ជូនកម្មករ កម្មការិនីរងគ្រោះទាំងអស់ ដោយក្នុងនោះមាន ៖ កម្មករ កម្មការនី រងរបួសស្រាល ឧបត្ថម្ភថវិកាម្នាក់ៗ ១០ម៉ឺនរៀល ។ ដោយឡែក អ្នកដែលរងរបួសធ្ងន់ ឧបត្ថម្ភថវិកាម្នាក់ៗ ២០ម៉ឺនរៀល ។
សូមរំលឹកថា តាមសេចក្ដីរាយការណ៍ របស់អាជ្ញាធរស្រុកបាធាយ ឲ្យដឹងថា កាលពីថ្ងៃ២៣ ខែសីហា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល មានរថយន្ត ១គ្រឿង (ដឹកកម្មករពេញរថយន្ត) ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5512 បើកបរទិសដៅ ពីកើតទៅលិច (ភ្នំពេញ-កំពង់ឆ្នាំង) ដោយ ឈ្មោះ ជូ ប៊ុនសាក់ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម (រងរបួសធ្ងន់) លុះពេលបើកបរ មកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូត ទៅបុកនឹងរថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌លឿងខ្ចី ពាក់ផ្លាកលេខភ្នំពេញ 3F-6539 ដែលកំពង់បើកបរក្នុងទិស ដៅពីលិចទៅកើត (បញ្ច្រាស់ទិសគ្នា) ។ អ្នកបើកបរ ឈ្មោះ លឿង ឡាយ ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅ ភូមិអូររាម ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (រងរបួសធ្ងន់) ។ ករណីនេះ បណ្តាលឲ្យរថយន្តទាំង ២គ្រឿង ខូចខាតយ៉ាងធ្ងន់ធ្ងរធ្ងរ នឹងរងរបួសធ្ងន់ និងស្រាល ចំនួន ៦៧នាក់ ក្នុងនោះ ស្រុកបាធាយ ៤៨នាក់ (ប្រុស ០៣នាក់) ដោយរបួសធ្ងន់ ៣៨នាក់ ក្នុងនោះ បានបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត្រ ចំនួន ១២នាក់ ។
តាមការអះអាង របស់សមត្ថកិច្ចថា ករណីខាងលើ បណ្តាលមកពី អ្នកបើកបររថយន្តដឹកកម្មករ បើកបរ ធ្វេសប្រហែស ខ្ជីខ្ជារ ខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ។ លុះក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានចុះដល់កន្លែងកើតហេតុបន្ទាន់ ដើម្បី ទំនាក់ទំនងរថយន្តសង្គ្រោះដឹកអ្នករបួស ទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ ខេត្តកណ្ដាល និងនៅតាមមន្ទីរពេទ្យផ្សេងទៀត ផងដែរ ៕