ភ្នំពេញ ៖ ក្មេងស្រីវ័យ១៨ឆ្នាំម្នាក់ ព្រោះតែខឹងម្តាយស្តីបន្ទោសពីរឿងកាន់ទូរសព្ទឆាតចុះឆាតឡើងជាមួយមិត្តភក្កិមិនខិតខំរៀនសូត្រ ធ្វើឲ្យនាងខូចចិត្តជិះម៉ូតូកង់បីឆ្ពោះមកស្ពានជ្រោយចង្វារដើម្បីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែសំណាងល្អត្រូវបានសមត្ថកិច្ចរួមទាំងប្រជាពលរដ្ឋឃើញទាន់ក៏ចុះចាប់ឃាត់ទាន់ពេល។
ហេតុការណ៍នោះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាចាស់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញក្មេងស្រីរងគ្រោះរូបនោះបានឈប់ចុះពីលើម៉ូតូកង់បីមួយគ្រឿងដល់ចំណុចកណ្ដាលស្ពាននាងក៏បានដើរទៅអង្គុយយំព្រមទាំងដៃកាន់ទូរសព្ទដៃ បំណងនឹងលោតទឹកសម្លាប់ខ្លួនដោយឃើញដូច្នេះប្រជាពលរដ្ឋរួមអ្នកធ្វើដំណើរក៏បាននាំគ្នាចុះឃាត់ព្រមទាំងបោះដៃហៅកម្លាំងសមត្ថកិច្ចប្រចាំការគល់ស្ពានរួមជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចកឱ្យចុះមកដល់កន្លែងកើតហេតុនាំគ្នាធ្វើការចាប់ឃាត់ក្មេងស្រីរងគ្រោះរូបនោះ ដោយនាងបានយំននាលដីមិនព្រមឲ្យកម្លាំងសមត្ថកិច្ចឃាត់រូបនាងនោះទេ ព្រមទាំងព្យាយាមមិនឲ្យសមត្ថកិច្ចយកទូរសព្ទពីដៃរបស់នាងទៀតផង ដោយឃើញដូច្នេះសមត្ថកិច្ចក៏នាំគ្នាសម្រេចចាប់នាងលើកដាក់ម៉ូតូដឹកចេញពីលើស្ពានដើម្បីបញ្ចៀសការកកស្ទះរួមទាំងការចោមរោមមើលរបស់អ្នកដំណើរផងនោះ ក៏នាំនាងមកកាន់ប៉ុស្តិ៍ស្រះចកដើម្បីធ្វើការលួងលោមសួរនាំពីរឿងហេតុនៃការប៉ុនប៉ងលោតទឹកនោះផងដែរ។
ខណៈដែលនាំនាងមកដល់ប៉ុស្តិ៍ស្រះចកហើយនោះ នាងក៏នៅតែព្យាយាមប៉ុនប៉ងនឹងរត់ចេញពីប៉ុស្តិ៍ទៀតផងប៉ុន្តែដោយកម្លាំងបាននាំគ្នាឃាត់លួងលោមនាងរហូតនាងសុខចិត្តប្រាប់ពីលេខទូរសព្ទរបស់ឪពុកម្ដាយរបស់នាងថានាងរស់នៅខណ្ឌសែនសុខ។
គួរបញ្ជាក់ថា ក្មេងស្រីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះចនស្រីណន ហៅម៉ៅ អាយុ១៨ ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង សព្វថ្ងៃស្នាក់នៅផ្ទះជួល ជួយមួយឪពុកម្តាយនៅខណ្ឌសែនសុខ នាងរៀនថ្នាក់ទី១១ នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំពេញថ្មី។
ក្រោយពីកម្លាំងសមត្ថកិច្ចរួមទាំងឪពុកម្ដាយបានលួងលោមកូនស្រីរូបនោះ ដើម្បីឲ្យឈប់មានបំណងចង់គិតខ្លីបែបនេះតទៅទៀត រួចហើយឪពុកម្ដាយសង្ឃឹមថា កូនរបស់គាត់និងឈប់មានបំណងគិតខ្លីហើយខិតខំរៀនសូត្រនិងលះបង់នៃការឆាតចុះឆាតឡើងជាមួយមិត្តភ័ក្កិដែលអត់ប្រយោជន៍ខិតខំរៀនសូត្រជាអនាគតវែងឆ្ងាយតទៅមុខទៀតហើយនាងក៏បានវិលត្រឡប់ទៅផ្ទះវិញជាមួយឪពុកម្ដាយផងដែរ៕