
ក្រចេះ ៖ មានឧប្បត្តិហេតុមួយបានកើតឡើងនៅក្នុងស្រុកស្នួល ដោយទឹកហូរគួចយករថយន្ត១គ្រឿងដែលមនុស្សចំនួន០៤នាក់នៅក្នុងនោះហើយបានធ្លាក់ក្នុងទឹក។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង០០: ៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅត្រងចំណុចទំនប់ថ្ពង ក្នុងភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺមានភ្លៀងយ៉ាងខ្លាំង ហើយប្រហែលជាទឹកនៅទីតាំងកន្លែងកើតហេតុហូរបុកខ្លាំង ទើបបណ្ដាលឱ្យរថយន្តជនរងគ្រោះ បើកឆ្លងកាត់នោះត្រូវកម្លាំងទឹកហូរមុករួចក៏រអិលធ្លាក់ពីលើខ្នងទំនប់ហូរកួចចម្ងាយប្រមាណជាង១០០ម៉ែត្រ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំងអស់មានគ្នាចំនួន០៤នាក់ បើករថយន្តម៉ាកតូយូតាព្រូស ពណ៌ទឹក ប្រាក់ ស៊េរីឆ្នាំ២០០៥ពាក់ស្លាកលេខភ្នំពេញ2AY.8448 លុះពេលមកដល់ចំណុចកើតហេតុ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំងលិចផ្លូវខ្នងហើយទំនប់ជាជនរងគ្រោះបានបើករថយន្តឆ្លងកាត់ រួចក៏ប៉ើងរថយន្តចូលទៅក្នុងទឹកទំនប់ប្រឡាយ បណ្តាលរថយន្តរងការខូចខាតទាំងស្រុង ចំណែកមនុស្សត្រូវគេជួយអន្តរាគមន៍និងដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកស្នួលបានចំនួន០៣នាក់ រីឯម្នាក់ទៀតកំពុងតែបាត់ខ្លួនរហូតមកដល់ពេលនេះនៅមិនទាន់រកឃើញនៅឡើយទេ ។
ជនរងគ្រោះទាំង០៤នាក់មាន
ទី១ ឈ្មោះ ឈួន រតនះ ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះជាអ្នកបើកបរ
ទី២ឈ្មោះ ខឹម វីណា ភេទប្រុស អាយុ៣១ឆ្នាំ
ទី៣ឈ្មោះ អ៊ុច សុភា ភេទ ប្រុស អាយុ៣១ឆ្នាំ អ្នកទាំង៣ រងរបួសត្រូវបានគេបញ្ជូនព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។
ចំណែកទី៤មានឈ្មោះ ទិត្យ មេសា ភេទប្រុស អាយុ៣១ឆ្នាំ នៅរកពុំទាន់ឃើញនៅឡើយទេ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចក៍ដូចជាប្រជាពលរដ្ឋ ក៍បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយទាញយករថយន្តចេញពីក្នុងទឹក និងស្វែងរកជនរងដែលបានបាត់ខ្លួន៕