
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងចុះពីលើស្ពានក្បាលថ្នល់ ហើយត្រូវរថយន្តដឹកទំនិញធុនធំមួយគ្រឿងទៀតបើកកៀរដួល រួចខ្ទាតចូលក្រោមកង់រថយន្តកិនពីលើ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់បែកសាកសពខ្ទេចខ្ទីមើលលេងយល់យ៉ាងអាណោចអាធ័ម។
ហេតុការខាងលើកើតឡើងកាលពី វេលាម៉ោង ១០ៈ២០នាទីយប់ថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២២ នៅត្រងគល់ស្ពានអាកាសក្បាលថ្នល់ខាងត្បូង តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ អុឹម សុឆៃ ភេទប្រុស អាយុ ២៧ ឆ្នាំ មានស្រុកកំណើត ភូមិកងនាង ឃុំព្រះស្ដេច ស្រុកព្រះស្ដេចខេត្តព្រៃវែង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1O-1066 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រងកន្លែងកើតហេតុ ស្រាប់តែមានរថយន្តដឹកទំនិញធុនធំមួយគ្រឿងទៀតមិនចាំស្លាកលេខ បើកបរទិសដៅស្របគ្នារួចយកៀរម៉ូតូ បណ្ដាលឲ្យដួលហើយជនរងគ្រោះបានខ្ទាតចូលក្រោមកង់រថយន្តកិនខ្ទេចសភាពសពមើលលែងយល់ស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែករថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។
ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចចុះមកធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុក្ខបណ្តោះអាសន្នរង់ចាំធ្វើការស្រាវជ្រាវរករថយន្តបង្ក ដើម្បីយកមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕