
កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយមន្ទីរពេទ្យទន្តសាស្រ្តរំចង់ ស្ដីពីគម្រោងកម្មវិធីផ្ដល់សេវាព្យាបាលជំងឺមាត់ធ្មេញ និងអភិវឌ្ឍធនធានមនុស្សផ្នែកទន្តសាស្រ្ត ឆ្នាំ២០២២ដល់ឆ្នាំ២០២៥។
ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា នាឱកាសនោះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកទន្តបណ្ឌិត ទិត ហុងយឺ ប្រធានមន្ទីរពេទ្យទន្តសាស្ត្ររំចង់ ក្នុងនោះក៏មានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាល អភិបាលរងស្រុក ក្រុមគ្រូពេទ្យមន្ទីរពេទ្យទាំង២ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
មានប្រសាសន៍ឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តមឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជូនចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យទាំង០២ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រដល់សម្តេចតេជោ ឱ្យបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព ដែលជាការបានមើលឃើញអំពើល្អ និងគាំទ្រគោលនយោបាយដឹកនាំ របស់សម្តេចតេជោ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែបានខិតខំបំពេញតាមបំណងប្រាថ្នា និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគេមានសេចក្តីសុខ សុភមង្គល រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង ផងដែរ។
ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងដំណាក់កាល ដែលប្រទេសកម្ពុជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩នោះ សម្តេចតេជោ បានពុះពារខិតខំគ្រប់បែបយ៉ាង ដើម្បីស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងពេលដែលប្រជាពលរដ្ឋ មានការភិតភ័យ តក់ស្លុត ជាទីបំផុត រហូតមកដល់ពេលនេះ ក្រោមយុទ្ធសាស្រ្តរបស់សម្តេចតេជោ ធ្វើឱ្យប្រជាពលរដ្ឋលែងមានការភិតភ័យ ហើយ ជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងហើយសេដ្ឋកិច្ចជាតិ ក៏បានបើកដំណើរការជាប្រក្រតីឡើងវិញ។
ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិត បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យរំចង់ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តជួយពិនិត្យពិគ្រោះ និងព្យាបាលជំងឺមាត់ធ្មេញជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាសកម្មភាពមនុស្សធម៌ ហើយថ្ងៃនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ និងមន្ទីរពេទ្យទន្តសាស្ត្ររំចង់។
ក្នុងពេលនោះដែលឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា បានគិតគូរដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដូចជានៅស្រុកក្រូចឆ្មារនេះជាដើម។
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ ជាមន្ទីរបង្អែកស្រុកធំមិនចាញ់មន្ទីរខេត្តនោះទេ ដែលចំណាយថវិកាអស់ជាច្រើន អគា
រមានលក្ខណៈទំនើបថ្មីធំទូលាយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនតាមរយៈឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា ហើយពេលនេះ អគារថ្មីមួយទៀត កំពុងដំណើរការ សាងសង់ បន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ៕