
រតនគិរី ៖ ឪពុកកូន២នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តសេរីទំនើបមួយគ្រឿងបើកបុកពីក្រោយពេញទំហឹងផ្លោងជាច្រើនម៉ែត្រ។
ហេតុការណ៍ខាងបានកើតឡើងកាលពី វេលាម៉ោង១ៈ១០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចបង្គោលគីឡូលេខ៧៣-៧៤ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឪពុកឈ្មោះ ហុីង សុីវ៉ូន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រសនៅភូមិ២ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី ជាមួយនិងកូនម្នាក់មានឈ្មោះ សុីវ៉ូន លីម៉ា ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ។
ប្រភពដដែរបានបញ្ជាក់ថា ហេតុការណ៍ខាងលើគឺបណ្ដាលមកពី អ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន បានបត់ឆ្លងផ្លូវមិនបានងាកមើលក្រោយ ហើយមិនបានកាច់ភ្លើងសញ្ញាផង ហើយអ្នកបើកបររថយន្តមិនបានចាប់អារម្មណ៍ ទើបធ្វើឲ្យរថយន្តបង្កម៉ាកFord ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខកម្ពុជា PNR-8696 បើកបរក្នុងទិសដៅពីភ្នំពេញ មកខេត្តរតនគិរី។ទើបបណ្ដាលឲ្យរថយន្តបុកម៉ូតូពីក្រោយក្នុងទិសដៅស្របគ្នា បណ្តាលឲ្យឪពុកនិងកូនតូចស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកឯម្ចាស់រថយន្តចុះរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកេីតហេតុ។
ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ចជំនាញស្រុកបានចុះមកធ្វេីការវាស់វែង និងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី រួចយករថយន្ដនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕