
(រដ្ឋបាលខេត្តកំពង់ធំ) ៖ នាព្រឹកថ្ងៃ១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីរុក្ខទិវា នៅតំបន់ព្រៃសហគមន៍វាលអូរក្តី ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ព្រះចៅអធិការវត្ត ឯកឧត្តម លោកជំទាវ លោកលោកស្រី ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូអ្នកគ្រូ កងកលាំងទាំងបី ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៥០០នាក់។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់មន្ត្រីជំនាញ បន្តសហការជាមួយអាជ្ញាធរដែនដី នគរបាលយុត្តិធម៌ និងគណៈបញ្ជាការឯកភាពស្រុក/ឃុំ ត្រូវបន្តពង្រឹងនូវការអនុវត្តច្បាប់នេះ ឱ្យបានម៉ឹងម៉ាត់ តឹងរឹងបំផុត លើជនល្មើសដែលបានកាប់ទន្ទ្រានយកដីព្រៃសហគមន៍ដែលជាដីរបស់រដ្ឋ កាន់កាប់អាស្រ័យផល ព្រមទាំងធ្វើការដកហូតដោយស្របច្បាប់ ចំពោះព្រៃដែលទើបនឹងកាប់ គឺត្រូវតែដកហូតភ្លាម រីឯព្រៃដែលបានកាប់រុករានកន្លងមក យើងត្រូវធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ និងផលប៉ះពាល់ផ្សេងៗ។ ហើយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើកិច្ចការងារនេះប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ថ្នាក់ស្រុក។
ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា សហគមន៍វាលអូរក្តី មានការទទួលស្គាល់ពីប្រមុខរាជរដ្ឋាភិបាល និងប្រប្រគល់សិទ្ធក្នុងការគ្រប់គ្រងជូនរដ្ឋបាលព្រៃឈើ និងសហគមន៍ ជាអ្នកមើលការខុសត្រូវ កុំឲ្យមានការបាត់បង់ ឬ ការកាប់ទន្ទ្រានពីជនល្មើសបន្តទៀត ដោយត្រូវកំណត់ព្រំប្រទល់រវាងដីរដ្ឋ និងដីប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ដើម្បីឈានទៅដល់ការធ្វើប័ណ្ណកម្មសិទ្ធលើដីរដ្ឋ ងាយស្រួលក្នុងការគ្រប់គ្រង និងងាយស្រួលនៅក្នុងការចាត់វិធានការទៅជនល្មើសទាំងឡាយដែលមានបំណង់កាប់ទន្ទ្រានយកដីព្រៃសហគមន៍។
ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមដាំដើមឈើឲ្យបានគ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយការដាំកូនឈើនេះ ត្រូវមានការថែទាំ និងការពារឱ្យបានល្អ ជៀសវាងមានការបំភ្លេចបំផ្លាញដោយមនុស្ស ដោយសត្វ ឬក៏តាមធម្មជាតិផ្សេងទៀត។ សូមបញ្ជាក់ផងដែរថា កូនឈើដែលយកមកដាំនៅពេលនេះ មានកូនឈើ ៥ប្រភេទ រួមមាន ធ្នង់ គ្រញូង បេង គគីរ និងឈើទាល សរុបចំនួន ២៥០០ដើម លើផ្ទៃដីទំហំ ២ហិចតា៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម