ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម ទូច វណ្ណៈ ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិ ចំនួន ១៧រូប របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅសាលប្រជុំរបស់សមាគម ផ្ទះលេខ២២A ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ទូច វណ្ណៈ បានលើកឡើងពីសមាសភាពរបស់សមាជិកទាំង ១៧រូប ដែលត្រូវដាក់បញ្ចូលជាគណៈកម្មាធិការប្រតិបត្តិរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ គឺពោរពេញទៅដោយទេពកោសល្យ និងមានចំណេះដឹងជ្រៅជ្រះ ពិសេសបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់សមាគម ស័ក្តិសមជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ។
ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចំនួន ៣៤រូប បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត គាំទ្រសមាជិកទាំង ១៧រូបនោះ បញ្ចូលក្នុងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ។
សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) កន្លងទៅ មាន ចំនួន ៣៦រូប នឹងត្រូវដាក់បញ្ចូលសមាជិកថ្មី ចំនួន ១៧រូបទៀត ។ ដូចនេះសមាសភាពគណៈកម្មាធិការប្រតិបត្តិរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សរុបចំនួន ៥៣រូប ។
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មានប្រធានកិត្តិយស ចំនួន ១រូប មានក្រុមប្រឹក្សាភិបាល ចំនួន ៣២រូប មានទីប្រឹក្សា ចំនួន ៧រូប មានថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ ចំនួន ៥៣រូប និងមានសមាជិក សមាជិកា ចំនួន ៣៣៤រូប ព្រមទាំងអង្គភាពសារព័ត៌មាន ចំនួន ២៣ និងអ្នកសារព័ត៌មានមួយចំនួន ជាសមាជិក រួមនឹងអង្គការ សមាគម ចំនួន ១០ និងក្រុមហ៊ុនឯកជន ចំនួន ១៥ ជាដៃគូសហការ ផងដែរ៕