ភ្នំពេញ : គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកដី មួយគ្រឿង ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ ក៏ជាន់ហ្វ្រាំងមិនស៉ី ក៏ទៅបុកពីក្រោយរថយន្ត ២គ្រឿងទៀតបណ្តាលឲ្យរងការខូចខាតផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅផ្លូវលេខ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
\
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកដី មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0790 ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាជាមួយរថយន្ត ២គ្រឿងទៀត ខណៈនោះ ស្រាប់តែរថយន្តដឹកដីខាងលើ ក៏បានទៅបុកពីក្រោយរថយន្តម៉ាក Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-7816 បណ្តាលឲ្យរងការខូចខាត រួចបន្តរុញរថយន្ត Prius ទៅបុកពីក្រោយរថយន្តម៉ាក Jeep ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-7169 រងការខូចខាតផ្នែកខាងក្រោយនៃរថយន្ត។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌសែនសុខ បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះមកដាក់ខាង ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។
ក្រោយពីកើតហេតុ ភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នានៅនឹងកន្លែង ដោយភាគីខាងរថយន្តបង្ក សុំយករថយន្តទាំង ២គ្រឿង ទៅជួសជុលឡេីងវិញ៕