
ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ក្នុងចំណោម៤នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូល ឃាត់ខ្លួនបាន ក្រោយពីរផឹកស៊ី ហើយបានទាស់ពាក្យសម្តីគ្នា រហូតឈានទៅដល់វាយតប់គ្នា រួចជិះម៉ូតូទៅយកកាំភ្លើងខ្លីមួយដើមម៉ាកឡុកបាញ់ឡើងលើជាច្រើនគ្រាប់។
ហេតុការណ៍ខាងលើបង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ៈ៣០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ តាមបណ្តោយផ្លូលេខ៦០ម៉ែត្រ ត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិភ្លើងឆេះរទេះខាងកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នាមុនពេលកើតហេតុ គេបានឃើញក្រុមជនសង្ស័យដែលគេអះអាងថាជាមេការមើលការខុសត្រូវក្នុងការរដ្ឋាននៅក្នុងដីឡូត៍ខាងលើនោះ និងក្រុមជនរងគ្រោះសរុបជិត១០នាក់បានផឹកស៊ី ក្រោយពីផឹកស៊ីស្រវឹងរៀងៗខ្លួនមក មេការម្នាក់ក៏បានទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី ហើយបានស្ទុះទៅវាយជនរងគ្រោះម្នាក់ជាំភ្នែកខាងស្តាំ ។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះជនរងគ្រោះបានស្ទុះទៅចាប់មេការនោះបោកទៅថ្មចាក់សាប បណ្តាលអោយសន្លប់ស្តូកស្តឹង មួយស្ទុះក្រោយមក ក៏ដឹងខ្លួនពីសន្លប់វិញបានរត់ទៅជិះម៉ូតូមួយគ្រឿងចេញទៅបាត់ បានមួយស្ទុះក្រោយមក ស្រាប់តែគេឃើញមេការនោះជិះម៉ូតូត្រឡប់មកវិញ រួមទាំងដៃកាន់កាំភ្លើងខ្លីមួយដើមម៉ាកឡុកយកមកបាញ់គំរាមឡើងលើជាច្រើនគ្រាប់ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងប្រជាការពារនិងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទេះ សហការជាមួយនឹងកម្លាំងខណ្ឌកំបូលឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងដកហូតបានសំបកកន្ទុះគ្រាប់កាំភ្លើងដែលបានបាញ់រួចមួយគ្រាប់ ។ ក្រោយកើតហេតុក្រុមជនសង្ស័យបានបោះកាំភ្លើងចោលបាត់ រីឯបក្សពួកចំនួន០៤នាក់ទៀតបានរត់គេចខ្លួនបាត់អស់។
ក្រោយពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់មកសាកសួរនៅប៉ុស្តិ៍នគរបាលស្នងការរដ្ឋានបាលភ្លើឆេះរទេះ និងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងរួចរាល់ហើយ រួចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកដែលនៅសេះសល់នោះមកចាត់ការទៅតាមនីតិវិធី៕