
កំពង់ស្ពឺ ៖ ពលរដ្ឋរងគ្រោះម្នាក់បានសម្រេចចិត្តដាក់ពាក្យប្ដឹងចូលក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានប្ដឹងលើលោក សួន ហឿន មេភូមិរំលេច ពីរឿងជេរប្រមាថ និងប្រើអំណាចឱ្យឈ្មួញរកស៊ីដី យកគ្រឿងចក្រទៅឈូសឆាយរំលោភបំពានព្រំដី។
យោងតាមពាក្យបណ្ដឹងចុះកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ មានខ្លឹមសារដូចខាងក្រោម
ជនរងគ្រោះបានចាត់ទុកថា ការជេរប្រមាថ របស់លោកមេភូមិឈ្មោះ សួន ហឿន មកលើខ្លួននេះគឺធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរដែលជនរងគ្រោះមិនអាចទទួលយកបាន ហើយបានគោរពស្នើសុំដល់ សម្តេច ក្រឡាហោម ឱ្យជួយរកយុត្តិធម៌ដល់រូបលោក និងដើម្បីកុំឱ្យលោកមេភូមិរួបនេះ ចេះតែប្រើអំណាចដោយបំពានច្បាប់បែបនេះបន្តទៅទៀត។
នៅថ្ងៃដដែលនោះជនរងគ្រោះ ក៏បានដាក់ពាក្យប្ដឹងសុំកាអន្តរាគមន៍ទៅលោកអភិបាលស្រុកឧដុង្គ ជួយដោះស្រាយ និងរកយុត្តិធម៌ចំពោះការរំលោភពានពីសំណាក់ម្ចាស់ក្បាលដីលេខ ៣១៣ ផងដែរ។
ជនរងគ្រោះ សង្ឃឹមយ៉ាងមុតមាំថា សម្ដេចក្រឡាហោម និងលោកអភិបាលស្រុកឧដុង្គ នឹងរកយុត្តិធម៌ឲ្យខ្លួនបានយ៉ាងពិតប្រាកដ៕