
កណ្តាល ៖ បុរសម្នាក់ត្រូវបានស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណាចអាធ័ម ក្រោយពី ជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តបែនដឹកខ្សាច់ ក៏ដួលខ្ទាតចូលក្រោមកង់រថយន្តកិន បណ្តាលឲ្យស្លាប់ ហេតុការណ៍គ្រោះចរាចរណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ច កាលពីវេលាម៉ោង៨ ៈ១០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រកែងនិងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះ យ៉ន ធាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិដំណាក់ច្រក្រំ ឃុំស្នាយអញ្ចិត ស្រុកជុំគីរី ខេត្តកំពត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាក Yamaha ស៊ីរូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1T-8486 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច។ លុៈមកដល់ត្រង់កន្លែងកើតហេតុក៏បានទាក់ដៃចង្កូតជាមួយរថយន្តបែនដឹកខ្សាច់ មួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ3F -4324 បើកបរដោយបុរសម្នាក់ស្របគ្នាបណ្ដាលឲ្យម៉ូតូដួលខ្ទាតមកខាងស្ដាំ ឯជនរងគ្រោះខ្ទាតទៅខាងឆ្វេងចូលក្រោមកង់រថយន្តខាងមុខកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ។ ភ្លាមនោះដែរអ្នកបើកបររថយន្តបង្កដឹងខ្លួនថាកិនមនុស្សស្លាប់ក៏ឈប់រថយន្តចុះរត់ចូលព្រៃបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងតាខ្មៅចុះធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយបន្តនាពេលក្រោយ ។ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕