
ភ្នំពេញ៖ ហេតុការណ៍បាក់ប្លង់សេសំណង់មួយកន្លែងដែលកំពុងសាងសង់ថ្មី បានសង្កត់លើកម្មករសំណង់បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីចាក់បេតុង កាលពីវេលាម៉ោង ៩:៣០នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកម្មករ បានឲ្យដឹងថា មុនពេលកើតហេតុ សំណង់អគារខាងលើ បានចាក់ប្លង់សេផ្នែកខាងមុខ ដោយប្រើជន្ទល់ដែកទ្របេតុងប្លង់សេដែលបានចាក់រួចរាល់ហើយ។ ពេលនោះកម្មករម្នាក់បានចុះមកក្រោម នៅតែម្នាក់ បន្តវីបេតុងពង្រាបឲ្យស្មើ។ ពេលកំពុងតែវីស៊ីម៉ង់នៅលើប្លង់សេទើបចាក់រួចនោះ ស្រាប់តែបាក់ធ្លាក់សង្តតែម្តង។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុភ្លាមៗកម្មកររបួសម្នាក់ ក៏ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ នៅសល់តែសពជនរងគ្រោះ ត្រូវបានរើកកាយយកចេញដោយប្រើអេស្កាវ៉ាទ័រ និងកំលាំងកម្មករសំណង់ដើម្បីស្វែងរកសព។ ប៉ុន្តែរហូតដល់ថ្ងៃរសៀលទើបបែកធ្លាយរឿងនេះ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ព្រមទាំងប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយ បូលីន