
ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមលក្ខន្តិកៈ របស់គណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលការងារធនធានមនុស្ស ជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមដំណើដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពាំរអនីតិជននិងយេនឌ័រ បាននាំយកថវិការបស់គណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦,០០០,០០០រៀល(ប្រាំមួយ លានរៀល) ទៅប្រគល់ជូនគ្រួសារសពលោកស្រី អនុសេនីយ៍ឯក ញ៉ែម អឿន មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដែលបានទទួលមរណភាពនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ដោយជម្ងឺប្រចាំកាយ ។ សពបានរៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានមានប្រសាសន៍ថា ៖ ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្នុងនាមលោកផ្ទាល់ សូមចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារនៃសព និងចូលរួមសោកស្តាយផងដែរ ចំពោះការបាត់បង់នូវភរិយា ម្តាយ ជីដូន ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដែលធ្លាប់បានផ្តល់នូវព្រហ្មវិហារចំពោះកូន ចៅ ។ មួយវិញទៀតស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និយាយជារួម និងនិយាយដោយឡែក អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក បានបាត់បង់មន្ត្រីនគរបាល០១រូប ដែលធ្លាប់មានស្នាដៃបំរើការងារបានល្អប្រសើរក្នុងគ្រាកន្លងមក។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានបញ្ជាក់ថា ៖ ថវិកា ៦,០០០,០០០រៀល ដែលយកមកប្រគល់ជូននាពេលនេះ គឺជាថវិការបស់គណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគគរបាលជាតិ ក្នុងគោលបំណង សម្រាប់ជួយគ្នាទៅវិញទៅមកនូវទុក្ខលំបាកចំពោះសមាជិក សមាជិការបស់សមាគម មិត្តនគរបាលជាតិកម្ពុជា ដែលមានទុក្ខធរៈក្នុងគ្រួសារ ក្នុងនោះ មន្ត្រីនគរបាលជាសមាជិក សមាជិកាមរណភាព ទទួលបានថវិកាចំនួន៦,០០០,០០០រៀល ចំណែកភរិយាឬស្វាមី របស់សមាជិក មរណភាព ទទួលបានថវិកាចំនួន ២,០០០,០០០រៀលផងដែរ ។ មួយវិញទៀតដើម្បីចូលរួមក្នុងកម្មវិធីបុណ្យនេះ អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល ដែលថវិកានេះបានមកពីការចូលរួមរបស់កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក៕ប្រភព ៖អគ្គស្នងការនគរបាលជាតិ