
ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកក្នុងល្បឿនលឿន ហើយវ៉ាជែងរថយន្តមួគ្រឿងទៀត បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចបន្ថែមល្បឿនបើករត់បាត់ស្រមោលឈឹង ។
ហេតុការណ៍នេះបានកេីតឡើងកាលពី វេលាម៉ោង ០៨:៣០នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃេីញរថយន្តធុនធំ កុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បេីកបរក្នុងទិសដៅ ពីត្បូងទៅជេីង លុះមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿង ទៀត ក៏រេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IH- 8445 បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យដួលស្លាប់ភ្លាមៗ ។
សពជនរងគ្រោះ មានឈ្មោះ ហៅក្រៅ សីហា អាយុ២៦ឆ្នាំ មានស្រុកកំណេីតនៅខេត្តស្វាយរៀង ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ ធ្វើការវាស់វែងរួច យកម៉ូតូទៅរក្សាទុក ដើម្បីរងចាំសាច់ញាតិ យកឯកសារមកបញ្ជាក់មុននឹងប្រគល់ម៉ូតូជូនវិញ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។