
មណ្ឌលគិរី ៖ តៃកុងរថយន្តដឹកស៊ីទែនហ្គាសដែលកៀបជាប់ជាមួយនឹងរថយន្តព្រមទាំងគំនរបាក់បែក ក្រោយបើករថយន្តចុះចំណោតផ្លូវកែងជ្រុលចង្កូតបុករះតូបអ្នកលក់ដូរតាមបណ្ដោយផ្លូវជាតិលេខ ៧៦ ត្រូវបានសមត្ថកិច្ចខិតខំស្វែងរកអស់រយៈពេល ២ថ្ងៃទើបរកឃើញ នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ តែជាអកុសលគាត់បានស្លាប់បាត់ទៅហើយដោយគៀបជាប់ក្នុងកាប៊ីនរថយន្ត។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ២២និង១៥នាទីយប់ នៅចំណុចផ្ទះតាលី ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តដឹកស៊ីទែនហ្គាសពេញម៉ាកវេអង ពាក់ស្លាកលេខភ្នំពេញ 3E 4191 បានបើកលឿនចុះចំណោតផ្លូវកែងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករះ តូបលក់ដូរចំនួនបីខ្នងនិងបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន ៦ នាក់។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង ៦ នាក់រួមមាន ម្ចាស់តូបរងគ្រោះមានចំនូន៦នាក់ ម្ចាស់តូបទី១ឈ្មោះ តឹក ម៉េងអឹង ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ រងបួសស្រាល ប្រពន្ធឈ្មោះសម្បត្តិ ស្រីតូច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រងរបួសស្រាល។ ម្ចាស់តូបទី០២ឈ្មោះខាំ សុភាព ភេទស្រីអាយុ៣៤ឆ្នាំជនជាតិខ្មែរ លក់ដូរ រងរបួសស្រាល និងឈ្មោះខាំ សុភ័ណ្ឌ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល។ ម្ចាស់តូចទី ៣ ឈ្មោះហ៊ុនម៉ូនីការភេទស្រីអាយុ ២០ឆ្នាំជនជាតិខ្មែររងរបួសស្រាលរស់នៅភូមិកើតហេតុខាងលើ។
ចំណែកតៃកុងរថយន្តដែលទើបតែរកសពឃើញមានឈ្មោះ សឿង សាវឿន ភេទប្រុសអាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តបង្កត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
ដោយ បូលីន