
ព្រះវិហារ ៖ ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពល តំណាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង លោក ស៊ុន ច័ន្ទរក្សាជាប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ ជំនួសលោក យូ ចិន្តាយុត្តិ ដែលបានចូលនិវត្តន៍។
ពិធីប្រកាសតែងតាំងនេះ ក៏មានវត្តមានអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ទាំង៨ មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន-អនុប្រធានមន្ទីរអង្គភាពនានា និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត។
ថ្លែងក្នុងពិធីប្រកាសតែងតាំងនេះផងដែរ ឯកឧត្តម ស៊ុយ ឌីម៉ង់ ក៏បានធ្វើការកោតសរសើរចំពោះប្រធានមន្ទីររ៉ែនិងថាមពលទាំង២៥ រាជធានី-ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចប្រកបដោយទំនួលខុសត្រូវ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិ ពិសេសលេីវិស័យរ៉ែ ថាមពល និងប្រេងកាត។