ព្រះសីហនុ ៖ ព័ត៌មានបឋមពីសមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា មានករណីបាញ់សម្លាប់ជនជាតិចិនម្នាក់ទម្លាក់ពីរថយន្ត ហើយជនសង្ស័យបានបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២ នៅឆ្នេរអូត្រេះទល់មុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ។
ភ្លាមៗនោះបន្ទាប់ពីកើតហេតុ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយមានស្នាមគ្រាប់កាំភ្លើង និងស្នាមចាក់ដោយកាំបិត ហើយវត្ថុតាងដែលបន្សល់ទុក នៅកន្លែងកើតហេតុរួមមាន ៖ គ្រាប់កាំភ្លើង១គ្រាប់ និងកូនកាំបិតមួយដើម ។
ចំណែកករណីនេះ កម្លាំងកងរាជអាវុធហត្ថ និងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជាជនដៃដល់ យកមកផ្ដន្ទាទោសតាមច្បាប់ ។
ចំណែកសពត្រូវបានដឹកយកទៅតម្កល់ នៅមន្ទីរពេទ្យមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ៕