
ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ដោយសារជិះម៉ូតូលឿនជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ ត្រង់ចំណុចខាងមុខវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JN-3877 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឱ្យមនុស្សខ្ទាតចេញពីម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ បោកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ ។
ជនរងគ្រោះស្លាប់មានឈ្មោះ អុន សារាជ អាយុ២២ឆ្នាំ ស្នាក់នៅម្តុំក្រោយវត្តព្រែកប្រា ជាមួយប្រពន្ធមានទម្ងន់ចំនួន៥ ខែ។
មិត្តភក្តិរបស់ជនរងគ្រោះទាំង២ បានឲ្យដឹងថា មុនកើតហេតុ ពួកគេបានជួបជុំគ្នាហូបអី ហើយពេលនោះជនរងគ្រោះដែលស្លាប់ បានខ្ចីម៉ូតូរបស់មិត្តម្នាក់ទៀត ប្រាប់ថាជិះទៅផ្ទះ ដោយនាំគ្នាឆ្ងល់ថាមិចក៏ទៅយូរម៉េស ហើយតេមិនលើកទៀត ក៏នាំគ្នាជិះមករក ស្រាប់តែប្រទះឃើញមិត្តភក្តិរ ដេកក្នុងថ្លុកឈាមក៏ទាក់ទងហៅឡានពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់ម្នាក់បាត់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ ធ្វើការវាស់វែងរួច បានយកម៉ូតូទៅរក្សាទុកដើម្បីរង់ចាំគ្រួសារមកយកម៉ូតូ ចំណែកសពក្រោយធ្វើកំណត់ហេតុរួច ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕