បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តកាមរីហាយប្រីដរួមដំណើរជាមួយបុរសម្នាក់ទៀតធ្វើដំណើរក្នុងល្បឿនលឿនជ្រុលបុកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ និងបន្តទៅបុករថយន្តស៊េរីទំនើបចំនួន៣គ្រឿងទៀតដែលចតចោលនៅខាងមុខហាងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចខាងជើងស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AQ 9563 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកាមរីហាយប្រីតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2V 7374 បើកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនសង្ស័យមានស្ថានភាពស្រវឹងបានបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរដាច់ជើងទាំងសងខាង។ ចំណែករថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលចង្កូតទៅខាងស្តាំដៃបន្តបុករថយន្តស៊េរីទំនើបចំនួន៣គ្រឿងដោយមួយគ្រឿងម៉ាកឡិចស៊ីសRX200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BN 9868 រថយន្តឡិចស៊ីសLX 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BM 7272 និងរថយន្តម៉ាកBMW ពណ៌ស ពាក់ស្លាកលេខកម្ពុជា M. M 2828 ដែលចតនៅខាងមុខហាងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូរួមទាំងម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំ យកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕