
បន្ទាយមានជ័យ ៖ អ្នកគុណនិយម មួយក្រុមមានគ្នា ០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព យកដាវសាំម៉ូរ៉ៃកាប់ ទៅលើជនរងគ្រោះម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ០៣នាក់នេះ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ គឺមានករណីជនសង្ស័យមួយក្រុមមានគ្នា ០៣នាក់ ប្រដាប់ដោយដាវ បានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះចំក្បាល បណ្តាលរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកភ្នំស្រុកភ្លាមៗ ។
ជនរងគ្រោះមានឈ្មោះ កោត មុនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ដេរអស់ចំនួន៧ថ្នេរ ។

ចំណែកជនសង្ស័យទាំង៣នាក់រួមមាន ៖
១- ឈ្មោះ ម៉ែន ជូសឹង ភេទប្រុស អាយុ១៦ឆ្នាំ
២- ឈ្មោះ អឿន វ៉ាន់ឆេង ភេទប្រុស អាយុ១៦ឆ្នាំ
និង៣- ឈ្មោះ យួត រ៉ាយុត ភេទប្រុស អាយុ១៧ឆ្នាំ ជនសង្ស័យទាំង០៣នាក់ រស់នៅភូមិត្រពាំងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ជាមួយគ្នា ។
ក្រោយឃាត់ខ្លួន និងសាកសួរជនសង្ស័យទាំង០៣នាក់ បានសារភាពថា មូលហេតុដែលពួកគេកាប់រងគ្រោះ ដោយសាររឿងគំនុំ ព្រោះតែជនរងគ្រោះធ្លាប់ធ្វើសកម្មភាពដេញកាប់ពួកគេ ទើបពួកគេមកសងសឹកវិញ ។
បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕


