ភ្នំពេញ: បុរសម្នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីឈប់កង់បីចាំយកលុយពីភ្ញៀវស្រាប់តែមានរថយន្តមួយគ្រឿងបេីកបរមកពីក្រោយលឿនជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្បែរច្រកចូលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខកំពត1O-9709 បានដឹកយុវជនម្នាក់ជាភ្ញៀវ ដោយធ្វើដំណើរទៅដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុបានឈប់កង់បី ហើយយុវជនដែលជាភ្ញៀវបានចុះពីលើកង់បីយកលុយឲ្យ ខណៈដែលកំពុងឈប់ចាំយកលុយពីភ្ញៀវ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកពណ៌ទឹកបុិច ធ្វើដំណើរបោះពួយយ៉ាងលឿនមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូកង់បីរងរបួសធ្ងន់ ចំណែកម៉ូតូកង់បីខូចខាតស្ទើរទាំងស្រុង។
ឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេ ដោយបន្ថែមល្បឿនរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបន្សល់ទុកបំណែករថយន្តមួយចំនួន។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូកង់បីត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ រងចាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយគ្នាតាមច្បាប់។