
ខេត្តក្រចេះ ៖ ត្រឹមរយះពេលជាង៣០ម៉ោងសមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មបងប្រុសបាញ់សម្លាប់ប្អូនប្រុសបង្កើត កើតឡើងកាលពី ថ្ងៃទី ០៥ ខែ សីហាឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទី នៅចំណុចប្រាំបួន ភូមិគ្រញូងសែនជយ័ ឃុំគ្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ។
តាមប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ឈ្មោះស្រ៊ុន ខុម ភេទប្រុសអាយុ៣០ឆ្នាំ បានប្រើប្រាស់កាំភ្លើងខ្លី បាញ់ទៅលើឈ្មោះស្រ៊ុន សុខាវ ភេទប្រុស អាយុ២១ឆ្នាំត្រូវជាប្អូនប្រុសបង្កើតបណ្តាលអោយស្លាប់ ដោយសារតែមានទំនាស់ពាក្យសំដីគ្នា ។
ប្រភពដដែលបានបន្តទៀតថាដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល បានសហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្ត និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួង បានបើកប្រតិបត្តការ ឈានដល់ការចាប់ខ្លួនបានជនដៃដល់ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២វេលាម៉ោង១៦:៣០នាទី នៅចំណុចផ្ទះសំណាក់ទឹកមាស សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងពេលដែលជនដៃដល់បានព្យាយាមរត់គេចខ្លួន។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច បានដកហូតវត្ថុតាងជាប់នឹងខ្លួនរួមមាន៖ អាវុធខ្លីចំនួន០១ដើម ម៉ាកGlock 19 ពណ៌ខ្មៅ បង់ចំនួន០២ គ្រាប់១២គ្រាប់,គ្រឿងញៀន០៣កញ្ចប់ (០១កញ្ចប់ធំ និង ០២កញ្ចប់មធ្យម),ជញ្ផើងសម្រាប់ ថ្លឹងគ្រឿងញៀនចំនួន០១ និង ដែកកេសចំនួន០៤។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ស្រ៊ុន ខុម ត្រូវបាន ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅ ការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី។