
សត្វផ្សោតគឺជាប្រភេទថនិកសត្វទឹកសាបដ៌កម្រមួយនៅលើពិភពលោកដែលនៅរស់រានមានជីវិតក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នមានអង្គការជាច្រើនបាននឹងកំពុងចូលរួមថែរក្សាអភិរក្ស ក្នុងនោះអង្គការ WWF បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធក្នុងការចូលរួមអភិរក្សសត្វផ្សោតទាំងនេះ ។
កន្លងទោះមានការអភិរក្សថែរក្សា និងមានកិច្ចសហការជាមួយស្ថាប័នផ្សេងៗពិសេសស្ថាប័នជំនាញជលផលក្នុងការល្បាតការពារដែនជំរកសត្វផ្សោតជាហូរហែរក៌ដោយ ប៉ុន្តែការស្លាប់របស់សត្វផ្សោតនៅអន្លង់អភិរក្សកាំពីនៅតែកើតមានជាបន្តបន្ទាប់ ។
យ៉ាងណាមិញ តាមសេចក្តីរាយការពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឲ្យថា គេបានប្រទះឃើញកូនសត្វផ្សោតងាប់១ក្បាល
ទំងន់ជាង១០គីឡូក្រាម ងាប់អណ្តែតជាប់នឹងទូកនេសាទប្រជាពលរដ្ឋចងជាប់នឹងច្រាំងទន្លេ ស្ថិតក្នុងតំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្ថិតនៅភូមិកាំពី ឃុំសំបុក
ស្រុកចិត្របុរី ខេត្តក្រចេះ ចំងាយប្រមាណ១គីឡូម៉ែតពីប៉ុស្តិ៍ឆ្មាំអភិរក្ស កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ។
រហូតដល់ពេលនេះ គេនៅមិនទាន់ដឹងមូលហេតុកូនសត្វផ្សោតខាងលើងាប់ដោយសារអ្វីកត្តាអ្វីនៅឡើយទេ ?ថ្វីដ្បិតមូលហេតុនៃការស្លាប់របស់កូនផ្សោតនេះ ហាក់មានភាពស្រពិចស្រពិល ។
ប៉ុន្តែតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ បានដាក់ការសង្ស័យទៅលើការប្រើឧបករណ៍នេសាទខុសច្បាប់ ដែលនាំឱ្យមានការគំរាមកំហែង ដល់ការរស់រានរបស់ សត្វផ្សោតនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី ក្នុងនោះរួមមាន ការដាក់ម៉ងខុសច្បាប់ និង ការប្រើប្រាស់ឧបករណ៍ឆក់ដោយខុសច្បាប់ក្នុងអន្លង់ហាមឃាត់ ។
អត្ថបទ ៖ ហ៊ានពេជ្រ