
ភ្នំពេញ ៖ រថយន្តកុងតឺន័រអូសសណ្តោងពោងសុីម៉ង់ត៍មួយគ្រឿង ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរចំពីចំហៀង បណ្តាលឲ្យរងខូចខាតខ្ទេចមួយចំហៀង តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧ៈ៥០នាទី ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញមានរថយន្តក្រុងដឹកអ្នកដំណើររបស់រដ្ឋ ម៉ាកISUZU ពណ៌ខៀវ ពាក់ស្លាកលេខ រដ្ឋ37 3-0237 បើកបរថតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់កន្លែងកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ គោលបំណងទៅផ្លូវ៣០ម៉ែត្រ មិនទាន់ផុតផង ស្រាប់តែមានរថយន្តសណ្តោងពោងសុីម៉ង់ត៍មួយគ្រឿងទៀត ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-1457 សណ្តោងរុឺម៉កសុីទែនពោង ពាក់ស្លាកលេខ កំពត 4A-0035 ដែលបើកតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ដោយសារហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកពីទទឹង បណ្តាលឲ្យរងខូចខាតខ្ទេចមួយចំហៀង ។
ក្រោយពេលកើតហេតុ ខណៈដែលរថយន្តទាំង២គ្រឿងជួបបញ្ហា បង្កឲ្យកកស្ទះចរាចរណ៍ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍សម្រួលចរាចរ រួចប្រគល់រថយន្តទាំង២គ្រឿងឲ្យទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ វាស់វែងហកទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ ៕